ស្ថិតក្នុងឥរិយាបថឈរតម្រៀបជួរនាពេលព្រឹកព្រលឹម គឺសិស្សទាំងប្រុស ទាំងស្រីម្នាក់ៗស្លៀកពាក់ឯកសណ្ឋានអាវពណ៌ស ស៊កចូលក្នុងខោពណ៌ខ្មៅ ខណៈភ្នែកពួកគេសម្លឹងមើលក្រណាត់ ១ ផ្ទាំងពណ៌ខៀវ លាយក្រហម និងមានរូបប្រាសាទអង្គរវត្តពណ៌សចំកណ្ដាលកំពុងបង្ហូតឡើងលើយ៉ាងយឺតៗដែលនេះគឺជាដំណើរការគោរពទង់ជាតិនៅក្នុងបរិវេណនៃវិទ្យាល័យព្រែកលៀប។
ទាំងនេះបង្ហាញពីទិដ្ឋភាពមួយដែលមើលទៅមានរបៀបរៀបរយ និងសណ្ដាប់ធ្នាប់ល្អ ប៉ុន្តែបើក្រឡេកមើលទៅក្បាលរបស់សិស្ស-ប្រុសម្នាក់ៗវិញ គឺសក់ពួកគេត្រូវបានកាត់ខ្លីតាមគំរូ ឬម៉ូដតែមួយ ខណៈសក់ក្បាលសិស្សស្រីវិញ ត្រូវបានចង ឬក្រងយ៉ាងមានរបៀបរៀបរយ។
លោក យក់សោភ័ណ នាយករងទទួលបន្ទុកការងារយុវជន កាកបាទក្រហម បានមានមតិសំណេះសំណាលជាមួយសិស្សានុសិស្ស និងយុវជនទាំងអស់ស្តីការរំលឹកអំពីវិន័យសាលា និងកោតសរសើរសិស្សានុសិស្សដែលបានអនុវត្តកន្លងមក។