កម្មវិធីជំនួបអាណាព្យាបាលសិស្ស និងលោកគ្រូអ្នកគ្រូបង្រៀនតាមមុខវិជ្ជា ប្រចាំត្រីមាសទី១

នៅថ្ងៃសៅរ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិទ្យាល័យព្រែកលៀប កម្មវិធីសាលារៀនជំនាន់ថ្មី បានរៀបចំកម្មវិធីជំនួបអាណាព្យាបាលសិស្ស និងលោកគ្រូអ្នកគ្រូបង្រៀនតាមមុខវិជ្ជា ពិធីជំនួបរវាងមាតាបិតា ឬអ្នកអាណា- ព្យាបាល សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូតាមមុខវិជ្ជា ប្រចាំត្រីមាសទី១ ឆ្នាំសិក្សា២០២៣-២០២៤។

ហេតុអ្វីជំនួបរវាងគ្រូ និងអាណាព្យបាលសិស្សមានសារៈសំខាន់ខ្លាំងម្លេះ?

ជាទូទៅការជួបជុំរវាងគ្រូ និងអាណាព្យាបាលសិស្ស ប្រព្រឹត្តទៅរយៈពេលមួយព្រឹកចាប់ពីម៉ោង៧:៣០នាទីព្រឹកតទៅ។ ជំនួបនេះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយ អោយគ្រូនិងមាតាបិតាសិស្សអាចបង្កើតទំនាក់ទំនងល្អ និងអភិវឌ្ឍគោលដៅចម្បងមួយ ដែលធ្វើយ៉ាងណា ជួយអោយសិស្សានុសិស្សទទួលបាននូវ បទពិសោធន៍ រៀនសូត្រដ៏ល្អបំផុត នៅសាលា។

ការកសាងភាពជាដៃគូ

ជំនួបរវាងគ្រូ និងមាតាបិតាសិស្សអាចជួយគ្រូនិងមាតាបិតាអភិវឌ្ឈបានជោគជ័យនូវភាពជាដៃគូ ក្នុងការជួយអោយសិស្សានុសិស្សសម្រេចបានជោគជ័យក្នុងការសិក្សានិងនៅក្នុងសង្គម។ លោកគ្រូអ្នកគ្រូតែងតែបង្ហាញ នូវវិធីសាស្ត្របង្រៀន ការពង្រឹងវិន័យដល់សិស្សានុសិស្ស និង គោលការណ៍ក្នុងថ្នាក់រៀន ជូនដល់មាតាបិតាសិស្ស។ រីឯមាតាបិតាសិស្សវិញ គួពិពណ៌នា ពីសកម្មភាពរបស់កូនពេលចេញពីរៀន ទំនាក់ទំនងកូននិងក្រុមគ្រួសារ និងទម្លាប់របស់កូន ចូលចិត្តធ្វើអ្វីនៅពេលទំនេរ ដើម្បីជាជំនួយអោយគ្រូបានដឹង ជាប្រយោជន៍គឺធ្វើអោយគ្រូ ងាយស្រួលក្នុងការបង្រៀននិងមើលថែទាំគាត់នៅសាលា។ ការបង្ហាញពីការ យកចិត្តទុកដាក់ចំពោះការសិក្សារបស់កូនអោយគ្រូបានដឹង ដោយមាតាបិតាពន្យល់គ្រូពីរបៀបតាមដាន និងការជួយកូនរបស់ខ្លួនពេលធ្វើលំហាត់ នៅផ្ទះនិងការងារផ្សេងៗដែលគ្រូបានដាក់អោយធ្វើ ការរីកចម្រើន និងចំណុចត្រូវកែតម្រូវ ។ល។ គឺជាតឹកតាងមួយដែលបានបញ្ជាក់ថាមាតាបិតាសិស្សគឺជាសមាជិកដ៏សកម្មរបស់ សាលា ដោយមានទិសដៅរួម គឺធ្វើយ៉ាងណាអោយបុត្រធីតាទទួលបានជោគជ័យ ក្នុងការរៀនសូត្រ។

ការប្រមូលព័ត៌មាន

ធាតុផ្សំសំខាន់បំផុតនៃជំនួបគ្រូនិងអាណាព្យាបាលគឺការផ្លាស់ប្តូរព័ត៌មានគ្នារវាងគ្រូនិងអាណាព្យាបាល ស្តីពីការរីកចម្រើនរបស់សិស្សានុសិស្សក្នុងការសិក្សា និងចំណេះដឹងពីសង្គម។ មាតាបិតាសិស្សអាចត្រៀមជាសំណួរដើម្បីសួរគ្រូ ទាក់ទិនទៅនិងមុខវិជ្ជានិមួយៗ ដូចជា គណិតវិទ្យា ភាសា និងវិទ្យាសាស្ត្រ ជាដើម។ មាតាបិតាអាចសួរគ្រូពីទម្លាប់របស់កូន ចូលចិត្តធ្វើអ្វីពេលចេញលេង ។ល។ ចំណែកគ្រូវិញ ប្រាកដជាបានត្រៀមលក្ខណៈ គ្រប់គ្រាន់ ហើយដើម្បីឆ្លើយតបសំណួររបស់អាណាព្យាបាល និងស្តាប់ពីកង្វល់ផ្សេងៗ របស់គាត់ផងដែរ។

ការរៀបចំផែនការ

សារៈសំខាន់ចុងក្រោយនៃជំនួបគ្រូនិងអាណាព្យាបាលគឺ ការរៀបចំផែនការដើម្បីជួយ អោយសិស្សបានឆ្លងផុតឧបសគ្គនិងភាពលំបាកក្នុងការរៀនសូត្រ ហើយអាចបន្តដំណើរទៅរកភាពជោគជ័យ។

 

 

Comments