១. សម្រាប់សកម្មភាព៖ ការរៀបចំបង្កើតដំណើរទស្សនកិច្ចសិក្សាទៅកាន់ទីតាំងប្រវត្តិសាស្ត្រលង្វែក និងឧដុង្គ ដោយមានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូក្នុងក្រុមប្រវត្តិវិទ្យា លោកគ្រូអ្នកគ្រូដែលពាក់ព័ន្ធ និងសិស្សានុសិស្សនៃកម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប នៅកម្រិតថ្នាក់ទី១១។ នៅក្នុងការដំណើរទស្សនកិច្ចសិក្សានេះផងដែរ ក៏មាននូវសកម្មភាពសំខាន់ៗមួយចំនួនដូចជា៖
- ការប្រកាសជ្រើសរើសសិស្សថ្នាក់ទី១១ ដើម្បីទស្សនកិច្ចសិក្សា
- ការប្រជុំពាក់ព័ន្ធនឹងរបៀបវារៈនៃដំណើរទស្សនកិច្ច
- ការបែងចែកតួនាទីគ្រូដឹកនាំ ទៅតាមក្រុមនីមួយៗ
- ការរៀបចំលោកគ្រូ អ្នកគ្រូដែលមកពីឯកទេសផ្សេងជួយសម្រួលដល់ការដឹកនាំសិស្សក្នុងដំណើរទស្សនកិច្ច
- ការរៀបចំឯកសារសម្រាប់ត្រៀមទស្សនកិច្ច
- ការប្រមូលលទ្ធផលពីសិស្សត្រឡប់មកវិញ
ទីកន្លែង៖ កម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប
រយៈពេល៖ ចាប់ពីម៉ោង ៦:៣០ ព្រឹក ថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២៤ រហូតម៉ោង ៦:០០ រសៀលដល់ថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២៤
ចំនួនសិស្សចូលរួមសរុប៖ ១២៩ នាក់ ស្រី ៧២ នាក់
២. គោលបំណងនៃសកម្មភាព៖ ការបង្កើតកម្មវិធីទស្សនកិច្ចសិក្សានេះឡើង គឺដើម្បីឆ្លើយតបទៅនឹងការសិក្សានាសតវត្សរ៍ទី២១ ដែលតម្រូវឱ្យសិស្សសិក្សាក្នុងថ្នាក់ និងចុះទៅកាន់ទីតាំងផ្ទាល់ ងាយស្រួលយល់បានកាន់តែច្រើន ពីមេរៀនដែលពួកគាត់បានរៀន។ មិនតែប៉ុណ្ណោះ បណ្តុះគំនិតសិស្ស ឱ្យមានការស្រលាញ់ មរតកប្រវត្តិសាស្ត្ររបស់បុព្វបុរស ដែលបានកសាងកាលពីជំនាន់មុន ចេះការពារ ថែរក្សា និងអភិរក្ស ក្នុងគោលបំណងបន្តដល់អ្នកជំនាក់ក្រោយបានដឹង និងចូលរួមអភិរក្សឱ្យបានយូរអង្វែង។
៣. លទ្ធផលដែលសម្រេចបានពីការអនុវត្តសកម្មភាព៖ សម្រាប់ប្អូនៗដែលបានចូលរួម ពួកគាត់ទទួលបានចំណេះដឹងកាន់តែច្រើន ក្រៅពីការរៀនតែមួយមុខនៅក្នុងថ្នាក់។ ពួកគាត់យល់ច្បាស់ ពីការកសាងរាជធានី ទីសក្ការៈបូជា ដែលពាក់ព័ន្ធទៅនឹងជំនឿ និងទីតាំងយុទ្ធសាស្ត្ររបស់ស្តេចខ្មែរ ក៍ដូចជាការយល់ដឹងពីរចនាសម្ព័ន្ធរបស់រាជធានីបុរាណរបស់ខ្មែរ នាសម័យកណ្តាល។ ក្រៅពីនេះ ពួកគាត់បានដឹងពីតួនាទីរបស់រាជធានី នៅសម័យកាលនោះ និងតួនាទីរបស់អតីតរាជធានី នាពេលបច្បុន្នផងដែរ។
៤.បញ្ហាប្រឈមកំឡុងពេលអនុវត្តសកម្មភាព៖ សិស្សមានចំនួនច្រើន គ្រូដឹកនាំមានចំនួនតិច ដែលទាមទារឱ្យប្រើប្រាស់សម្លេងខ្លាំង នៅក្នុងការពន្យល់ណែនាំសិស្ស។ ម្យ៉ាងវិញទៀត ទីតាំងខ្លះ ហាក់មិនសូវបន្សល់ដានប្រវត្តិសាស្ត្រច្រើននោះទេ ដោយសារកត្តាធម្មជាតិ និងកត្តាមនុស្ស ជាហេតុធ្វើឱ្យសិស្សអាចនឹងមិនបានឃើញ និងស្គាល់ច្បាស់ពីសំណល់បុរាណ ឬស្លាកស្នាមចាស់។
៥.ផែនការបន្ទាប់៖ នៅឆមាសទី២ ក្រុមបច្ចេកទេសប្រវត្តិវិទ្យា មានបំណងបន្តដឹកនាំសិស្ស ទៅទស្សនកិច្ចសិក្សា នៅទីតាំងបុរាណដ្ឋានផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងមេរៀន នៅក្នុងកម្រិតថ្នាក់ទី១១ដដែល ឬកម្រិតថ្នាក់ផ្សេងទៀត (៧,៨,៩,១០)។ ក្នុងគោលបំណងឱ្យសិស្សានុសិស្ស យល់កាន់តែច្បាស់ពីមេរៀនប្រវត្តិសាស្ត្រ។