កម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប បានរៀបចំប្រជុំស្តីពីការរៀបចំផែនការអភិវឌ្ឍន៍សាលារៀនសម្រាប់ឆ្នាំសិក្សា២០២២-២០២៣ រយៈពេល២ថ្ងៃគឺ ថ្ងៃទី០៤ និងទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣។
ការប្រជុំនេះមានការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធ៖
១. គណៈកម្មការទ្រទ្រង់សាលារៀន
២. គណៈនាយក
៣. មន្ត្រីកម្មវិធីសាលារៀនជំនាន់ថ្មី
៤. លោកគ្រូ អ្នកគ្រូ
៥. ក្រុមព្រឹក្សាយុវជន
វិស័យអប់រំ ជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ដូច្នេះនាយកសាលាត្រូវបានចាត់ទុកជាអ្នកមានសក្ដានុពល និងជាកូនសោរគន្លឹះក្នុងការបង្កើនគុណភាពអប់រំ ហើយជាអ្នកកំណត់នូវចក្ខុវិស័យ បេសកកម្ម នៃផែនការរបស់សាលារៀន។ នាយកសាលារៀនត្រូវមានកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយមាតាបិតា អាណាព្យាបាលសិស្ស សហគមន៍ និងស្ថាប័នពាក់ព័ន្ធដទៃទៀតក្នុងការរៀបចំផែនការជាត្រីវិស័យគោល សម្រាប់អនុវត្តឈានទៅរកការអភិវឌ្ឍសាលារៀនបណ្ដើរៗស្របតាមមជ្ឈដ្ឋានរស់នៅ តាមបរិបទសង្គម និងការអផិវឌ្ឍ តាមភាពជឿនលឿនលើវិស័យអប់រំសកលលោកផង។
យោងទៅតាមឯកសារណែនាំស្ដីពី ការរៀបចំផែនការអភិវឌ្ឍសាលារៀន ផ្អែកលើនិន្នាការអប់រំសកលលោក ក្រសួងអប់រំ យុវជន និងកីឡា បានផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទឿលើការលើកកម្ពស់សិទ្ធិកុមារ ការថែទាំសុខភាព សុវត្ថិភាព ដោយបង្កឱកាសគ្រប់បែបយ៉ាង ដើម្បីជួយឱ្យកុមារគ្រប់រូបបានចូលរៀន ប្រកបដោយសមធម៌ និងគុណភាព។ ទន្ទឹមនឹងនោះក្រសួងអប់រំ យុវជន និងកីឡា បានបន្តពង្រឹងនូវយុទ្ធសាស្ត្រនៃការអនុវត្តកម្មវិធីសាលាកុមារមេត្រី ដើម្បីធានាបាននូវការដឹកនាំគ្រប់គ្រងសាលារៀន ការរៀន និងការបង្រៀនប្រកបដោយគុណភាព និងប្រសិទ្ធភាព។
ឯកសារណែនាំស្ដីពី ការរៀបចំផែនការអភិវឌ្ឍសាលារៀន ជាជំនួយក្នុងការអនុវត្តការងារដឹកនាំ គ្រប់គ្រងសាលារៀន ផ្ដោតលើលទ្ធផល ដើម្បីធ្វើឱ្យសាលារៀនបង្កើនស្វ័យភាពរបស់ខ្លួន និងមានភាពជាម្ចាស់ រួមទាំងមានជំនាញ និងចំណេះដឹងទូលំទូលាយ ក្នុងការធ្វើឱ្យសាលារៀនទទួលបាននូវការគាំទ្រពីគ្រប់អ្នកពាក់ព័ន្ធ។ ម្យ៉ាងទៀតតាមរយៈការបំពេញការងាររបស់ខ្លួន សាលារៀនអាចធ្វើារឆ្លុះបញ្ចាំងទៅលើគោលនយោបាយ សេចក្ដីណែនាំ ឬលិខិតបទដ្ឋាននានា ដើម្បីប្រាកដថា ការដឹកនាំគ្រប់គ្រងសាលារៀន ស្ថិតនៅកម្រិតណា ហើយអាចឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រវិស័យអប់រំ របស់ក្រសួងបានកម្រិតណាដែរ។ លើសពីនេះទៅទៀត ការរៀបចំរចនាសម្ពន្ធនេះ គឺរៀបចំឡើងដើម្បីពង្រឹងប្រព័ន្ធធ្វើការងាររួមគ្នា ក្នុងសាលារៀន និងសហគមន៍ដែលអាចអនុវត្តឱ្យបានទាំងគុណភាព និងប្រសិទ្ធភាព ស្របទៅតាមគោលដៅការអភិវឌ្ឍប្រកបដោយចិរភាព។
គណៈកម្មការរៀបចំឯកសារសង្ឃឹមថា ឯកសារនេះនឹងបានជាមធ្យោបាយជំនួយស្មារតីដ៏ល្អក្នុងការពង្រឹងនូវវិធី ឬល្បិចគ្រប់គ្រងរបស់គណៈគ្រប់គ្រងសាលារៀន ឱ្យកាន់តែសម្បូរបែបប្រកបដោយគំនិតច្នៃប្រឌិតជាមួយនឹងការប្រើប្រាស់ធនធានដែលមាននៅក្នុងមូលដ្ឋាន និងធនធានពីប្រភពខាងក្រៅ ដើម្បីអភិវឌ្ឍសាលារៀន ប្រកបដោយគុណភាព បរិយាប័ន្ន និងសមធម៌ សម្រាប់អ្នកសិក្សាគ្រប់រូប សំដៅឆ្លើយតបទៅនឹងគោលដៅនៃការអប់រំជាតិ។