សិស្សានុសិស្សដែលជាបេក្ខជនប្រលងជាប់និទ្ទេស A ចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឆ្នាំសិក្សា២០២២-២០២៣

នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញ​ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ សរុប ១,៦៩១នាក់ រាប់ទាំងបេក្ខជនអប់រំបច្ចេកទេស ១៨នាក់ផងដែរ។ ជំនួបសំណេះសំណាលនេះ ធ្វើឡើងនៅមជ្ឈមណ្ឌល​ពាណិជ្ជកម្មជ្រោយចង្វារ (OCIC)។

ការប្រលងមធ្យមសិក្សាទុតិយភូមិ ឬហៅបាក់ឌុប ដែលបានប្រព្រឹត្តទៅនាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ មានសិស្សប្រឡងជាប់សរុប ៩៨,៤៦០នាក់ ស្មើនឹង ៧២.៨៩ភាគរយ។ ក្នុងនោះសិស្សទទួលបាន​និទ្ទេស A ចំនួន ១,៦៧៣នាក់, និទ្ទេស B ចំនួន ៦,៩៦៤នាក់, និទ្ទេស C ចំនួន ១៨,៣០៨នាក់, និទ្ទេស D ចំនួន ៣៤,២៤៦នាក់ និងនិទ្ទេស E ចំនួន ៣៧,២៦៩នាក់។

សូមបញ្ជាក់ដែរថា ឆ្នាំ២០២៣នេះ គឺជាឆ្នាំទី១០ហើយ ដែលលោក ហង់ ជួនណារ៉ុន បានចូលមកធ្វើ​កំណែ​ទម្រង់នៅក្រសួងអប់រំ យុវជន និងកីឡា។ ជាពិសេសការធ្វើកំណែទម្រង់លើការប្រលងបាក់ឌុប នេះតែម្តង ជាហេតុធ្វើឱ្យសិស្សមានការភ្ញាក់រលឹកក្នុងការរៀន សូត្រឡើងវិញ ដោយមិនផ្តេកផ្តួលលើការ​លួច​មើល​វិញ្ញាសារ ពេលប្រលងទៀតនោះឡើយ។ ការធ្វើកំណែទម្រង់ដ៏ម៉ឹងម៉ាត់លើការប្រលងបាក់​ឌុប​នេះ ទទួលបានការសាទរខ្លាំងណាស់ផងដែរពីសិស្ស ក៏ដូចជាអាណាព្យាបាល។

ឆ្នាំ២០២៣ នេះផងដែរ សិស្សានុសិស្សនៃវិទ្យាល័យព្រែកលៀបដែលជាបេក្ខជនប្រលងជាប់និទ្ទេស A មានចំនួន ១១នាក់បានទៅចូលរួមកម្មវិធីនេះផងដែរ៕

   

Comments