អបអរសាទរទិវាក្មេងស្រីអន្តរជាតិ

លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សចំនួន១២នាក់នៃ កម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប បានចូលរួមជាមួយក្រសួងកិច្ចការនារី ក្នុងការប្រកាសបើកយុទ្ធនាការទិវាអន្តរជាតិក្មេងស្រី ឆ្នាំ២០២៣ ក្រោមប្រធានបទ «លើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ក្នុងយុគសម័យឌីជីថល» ចាប់ផ្តើមពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣នេះតទៅ!

នៅក្នុងពិធីបើកយុទ្ធនាការ ដែលប្រារព្វឡើង ក្នុង «កម្មវិធីរត់ដើម្បីក្មេងស្រី និងដើម្បីទាំងអស់គ្នា» ដែលមានអ្នកចូលរួមប្រមាណ ៥០០នាក់ កាលពីព្រឹកថ្ងៃទី៨ ខែតុលានេះ លោកជំទាវ កិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានលើកឡើងថា យុទ្ធនាការនេះ មានគោលបំណងចម្បងៗ ចំនួន២ គឺ៖
ទី១).លើកកម្ពស់ការគាំទ្រពីសំណាក់គ្រួសារ សហគមន៍ និងដៃគូពាក់ព័ន្ធ រួមទាំងបុរស និងក្មេងប្រុស ក្នុងការលើកកម្ពស់ការទទួលបានសិទ្ធិពេញលេញរបស់ក្មេងស្រី និងការចូលរួម របស់ក្មេងស្រី នៅក្នុងសង្គម-សេដ្ឋកិច្ច, និង
ទី២).ការបង្កើនភាពអង់អាចដល់ក្មេងស្រី ក្នុងការអនុវត្ត សិទ្ធិ, អភិវឌ្ឍសមត្ថភាព និងបណ្តុះសក្តានុពល ក្នុងការដឹកនាំខ្លួនឯង និងចូលរួមដោយពេញលេញ នៅក្នុងការអភិវឌ្ឍគ្រួសារ សេដ្ឋកិច្ច និងសង្គមជាតិ។

Comments