សំណល់ប្លាស្ទិកក្នុងប្រទេសកម្ពុជាបានកើនឡើងដោយសារតែកំណើនប្រជាពលរដ្ឋ កំណើនជីវភាពនិងសេដ្ឋកិច្ច ការផ្លាស់ប្តូរឥរិយាបទក្នុងការប្រើប្រាស់ និងការប្រើប្រាស់ប្លាស្ទិកសម្រាប់វេចខ្ចប់ម្ហូបអាហារ ឬសម្ភារផ្សេងៗ និង កខ្វះខាតចំណេះដឹងក្នុងការញែកសំរាម។ ទីលានចាក់សំរាមទំាងអស់ក្នុងប្រទេសកម្ពុជានឹងមិនអាចបន្តផ្ទុកសំណល់រឹងបានទេ ប្រសិនជាសំណល់រឹងបន្តកើនឡើងក្នុងល្បឿនដូចសព្វថ្ងៃជាពិសេសនៅទីក្រុងធំៗមួយចំនួនដូចជា ក្រុងភ្នំពេញដែលផលិត សំរាម ជាមធ្យម ២,២១៦តោនជារៀងរាល់ថ្ងៃ យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថានឆ្នាំ ២០១៨។
ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ចាប់តាំងពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីសិស្សានុសិស្សនៅតាមសាលារៀនទាំងអស់ ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ១ថ្ងៃ ក្នុង១សប្ដាហ៍ ឡើងទៅដើម្បីភាពស្រស់ស្អាត ផ្តើមចេញពីសាលារៀន នាំឱ្យផ្ទះស្អាត សហគមន៍ស្អាត៕
នៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ កម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប ក៏បានចូលរួមសកម្មភាពជាមួយមន្ទីរបរិស្ថាន រាជធានីភ្នំពេញ ក្នុងការបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ផងដែរ។