កម្មវិធីទិវាជួបឪពុកម្ដាយ – Parents Day’s Show

នាថ្ងៃសៅរ៍ ៧រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស៏ក ព.ស២៥៦៧
ត្រូវនឹងថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៣ កម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប បានរៀបចំ កម្មវិធីទិវាជួបឪពុកម្ដាយ – Parents Day’s Show ដើម្បីដាក់តាំងពិពរណ៍ស្នាដៃសិស្សប្រចាំឆ្នាំ២០២៣ ក្រោយអធិបតីភាព ឯកឧត្ដម វង ភិរុណ អនុរដ្ឋលេខាធិការ ក្រសួងអ​ប់រំ យុវជន និងកីឡា និងជាទឹប្រឹក្សាកម្មវិធីសាលារៀនជំនាន់ថ្មី និងមានការចូលរួមពីក្រុមប្រឹក្សាភិបាលសាលារៀនជំនាន់ថ្មថ្នាក់ជាតិ និងថ្នាក់រាជធានី អង្គការKAPE ដៃគូសហការ មាតាបិតាសិស្ស លោកគ្រូ អ្នកគ្រូ ព្រមទាំងគណៈកម្មការគ្រប់សាលារៀនផងដែរ។
លោក ឆុំ សុភក្តិ នាយកវិទ្យាល័យព្រែកលៀបបានមានមតិស្វាគមន៍ និងបានធ្វើបទបង្ហាញពីវឌ្ឍនភាពការអនុវត្តិកម្មវិធីសាលារៀនជំនាន់ថ្មី ជូនដល់ឯកឧត្តមគណអធិបតី និងអង្គពិធីទាំងមូល។
បន្ទាប់មក លោក វង់ សូវ៉ុន ជាប្រធានគណកម្មការគ្រប់គ្រងសាលារៀន ក៍បានឡើងធ្វើរបាយការណ៍ជូនដល់អង្គពិធីទាំងមូលអំពីការចូលរួមរបស់គណៈគម្មការ ជាមួយសាលារៀនក្នុងការអភិវ្ឍសាលារៀន ជាពិសេសសម្របសម្រួលក្នុងការប្រមូលថវិការភាគទាន ដើម្បីគាំទ្រ និងធានានិរន្តរភាពកម្មវិធីសាលារៀនជំនាន់ថ្មី។
ជាកិច្ចបន្ត លោក ហ៊ិន ស៊ីមហួន អនុប្រធានអង្គការខេប បានមានមតិបន្ថែមអំពីកម្មវិធីទីវាជួបឪពុកម្តាយ ដែលបានប្រែក្លាយពីកម្មវិធីរាត្រីជួបឪពុកម្តាយក្នុងគោលបំណងដាក់តាំងបង្ហាញនូវស្នាដៃរបស់សិស្សដែលបានមកពីការខិតខំប្រឹងប្រែងរៀនសូត្រ ការងារក្លិប ការងារស្រាវជ្រាវ និងការងារគម្រោងជាដើម ជូនដល់អាណាព្យាបាលបានទស្សនា និងបានបង្កើតទំនាន់ទំនងរវាងសាលារៀនជាមួយសហគមន៍មាតាបិតាសិស្សកាន់តែល្អប្រសើរឡើង។
ជាកិច្ចបន្ទាប់ ឯកឧត្តម វង ភិរុណ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាទីប្រឹក្សាសាលារៀនជំនាន់ថ្មី បានមានមតិស្វាគមន៍ដល់អង្គពិធី និងធ្វើការកោតសរសើររដល់វិទ្យាល័យព្រែកលៀបដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ព្រមទាំងអាចធានានិរន្តរភាពរបស់ខ្លួន ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់គណៈនាយក លោកគ្រូអ្នកគ្រូ ដែលការជួយជ្រោមជ្រែងពីគណៈកម្មការគ្រប់គ្រងសាលារៀន និងមាតាបិតាសិស្សតាមរយៈការចូលរួមចំណែកនូវថវិការភាគទាន។ឯកឧត្តមប្រធានក៍បានផ្តាំផ្ញើរអោយសាលាខិតខំបន្ថែមទៀតទាំងបច្ចេកទេស នាំយកនូវកម្មវិធីថ្មីៗព្រមទាំងការកែលម្អបរិស្ថានសាលារៀនបន្ថែមទៀត និងសូមអោយអាណាព្យាបាលចូលរួមគាំទ្រសាលារៀនកាន់តែខ្លាំងដើម្បីអនាគតរបស់កូនៗ។
បន្ទាប់មក ឯកឧត្តមប្រធាន និងអង្គពិធីទាំងមូលបានអញ្ជើញទស្សនាការដាក់តាំងបង្ហាញស្នាដៃសិស្សតាមស្តង់និមួយៗ។
Comments