ពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤ នៅវិទ្យល័យ ព្រែកលៀប

នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ នៅវិទ្យាល័យ ព្រែកលៀប ដោយមានការអញ្ជើញចូលរួមពីបុគ្គលិកអប់រំ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ អាជ្ញាធរ ថ្នាក់ស្រុក ឃុំ និងភូមិ ព្រមទាំងអាណាព្យាបាលសិស្ស និងសិស្សានុសិស្សផងដែរ។

លោកប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានី បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា នៃវិទ្យាល័យ ព្រែកលៀប មាតាបិតា អាណាព្យាបាល និងសិស្សទាំងអស់ ដែលបានពុះពាររាល់ឧបសគ្គគ្រប់បែបយ៉ាងក្នុងការគាំទ្រ និងផ្ដល់នូវការបង្រៀន និងរៀន បានយ៉ាងល្អប្រសើរ។

លោក ឆុំ សុភក្តិ នាយកវិទ្យាល័យ ព្រែកលៀប បានថ្លែងនៅក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤ ដោយក្នុងនោះលោកបានបង្ហាញអំពីសមទ្ធិផលមួយចំនួន ដែលសាលាសម្រេចបាននាឆ្នាំសិក្សាកន្លងទៅ និងការដាក់ផែនការសម្រាប់ឆ្នាំសិក្សាថ្មីបន្ថែមទៀត។

ជាកិច្ចបញ្ចប់នៃពិធីបើកបវេសនកាលក្នុងឆ្នាំសិក្សាថ្មីនេះ លោកនាយកវិទ្យាល័យ ព្រែកលៀប ក៏បានជូនលិខិតថ្លែងអំណរគុណដល់ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បុគ្គលិកអប់រំ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ អាជ្ញាធរ ថ្នាក់ស្រុក ឃុំ និងភូមិ ព្រមទាំងអាណាព្យាបាលសិស្ស និងសិស្សានុសិស្ស ព្រមទាំងមានការអនុស្សាវរីយ៍ដើម្បីបញ្ចប់កម្មវិធីផងដែរ។

Comments