នៅថ្ងៃទី២៤ ដល់២៧ ខែឧសភា ឆ្នាំ២០២៣ វិទ្យាល័យ ព្រែកលៀប បានរៀបចំការប្រឡងឆមាសទី១ គ្រប់កម្រិតថ្នាក់ពីទី៧ ដល់ទី១២ ដែលក្នុងនោះរួមមាន៖
- ថ្នាក់ទី៩ និងទី១២ បានធ្វើការប្រឡងនៅថ្ងៃទី២៤ និង២៥ ខែឧសភា ឆ្នាំ២០២៣
- ថ្នាក់ទី៧ ៨ ១០ និង១១ បានធ្វើការប្រឡងនៅថ្ងៃទី២៦ និង២៧ ខែឧសភា ឆ្នាំ២០២៣
ពេលដែលយើងនិយាយទៅដល់ការសិក្សានៅវិទ្យាល័យ យើងតែងនឹក ឃើញ ទៅដល់ការសិក្សាមុខវិជ្ជាជាច្រើន ដែលមុខវិជ្ជាខ្លះយើងចូលចិត្តរៀន និងមុខវិជ្ជាខ្លះទៀតយើងមិនសូវជាចូលចិត្ត។ ជាពិសេសយើងក៏នឹកឃើញទៅ ដល់ការប្រឡងជារៀងរាល់ខែរបស់យើង ដែលផ្សារភ្ជាប់ទៅនឹងការធ្លាក់-ជាប់ និងការប្រកួតប្រជែងពិន្ទុគ្នាដើម្បីទទួលបានចំណាត់ថ្នាក់ល្អ។
យ៉ាងណាមិញ ការប្រឡងដែលត្រូវបានរៀបចំឡើងជារៀងរាល់ខែនោះ គឺធ្វើឡើងក្នុងគោលបំណងវាស់ស្ទង់នូវកម្រិតនៃការយល់ដឹង និងចំណេះ ដែល យើងទទួលបានពីមេរៀននៅរាល់ខែនីមួយៗនោះតែប៉ុណ្ណោះ។ តែផ្ទុយទៅវិញ សិស្សមួយចំនួនបែរជាយល់ច្រឡំថា ការប្រឡងគឺធ្វើ សម្រាប់តែឲ្យគ្រូយក ទៅដាក់ពិន្ទុ ដើម្បីរៀបតាមលំដាប់ជាចំណាត់ថ្នាក់។ តាមពិតទៅ ដូចគ្នាទៅនឹង ការប្រឡងដែរ ពិន្ទុគ្រាន់តែជារង្វាស់ឯកតា ឬទំហំតួលេខមួយ ដែលត្រូវបានបង្កើត ឡើងដោយប្រព័ន្ធអប់រំ សម្រាប់ជាសន្ទស្សន៍ ចង្អុលបង្ហាញពី កម្រិតនៃ ចំណេះដឹង តែប៉ុណ្ណោះ។ ក្នុងន័យនេះគឺគេមិនមែនឲ្យតម្លៃទៅលើពិន្ទុទេ គឺគេឲ្យតម្លៃ ទៅលើ ចំណេះពិតប្រាកដ ដែលយើងអាចស្ដែងឲ្យឃើញបានតាមរយៈពិន្ទុ។ ស្របទៅនឹង ប្រសាសន៍របស់បណ្ឌិតសភាចារ្យ ហុង ជួនណារ៉ុង រដ្ឋមន្រ្តីក្រសួងអប់រំ ដែល បណ្ឌិត បានផ្ដាំផ្ញើជារឿយៗថា « អ្នកចេះគឺជាប់ » ឲ្យតែយើងចេះពិតប្រាកដ យើង នឹងទទួលបានពិន្ទុល្អជោគជ័យសាកសមនឹងសមត្ថភាពរបស់យើង។ បានន័យថា ការប្រឡងគឺជា ការចម្រាញ់ស្វែងរក អ្នកមានចំណេះ មានសមត្ថភាពពិតប្រាកដ ដែលជាធនធានដ៏មានតម្លៃពុំអាចខ្វះបានក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិឲ្យជឿនលឿនរីកចម្រើន។ ដូចនេះហើយ យើងឃើញថា ចំណេះពិតប្រាកដ ពិត ជា មានតម្លៃ ថ្លៃហួសពិន្ទុដែល គ្រាន់តែជាតួលេខនៅលើក្រដាស។
(សកម្មភាពសិស្សានុសិ្សកំពុងប្រឡង)