ក្រសួងអប់រំយុវជននិងកីឡាកម្ពុជា បានពិភាក្សាការងារនិងដាក់បញ្ចូលភាសាចិនក្នុងកម្មវិធីសិក្សាសាកល្បងនៅក្នុងសាលារដ្ឋចំនួន២០នៅកម្ពុជា បន្ទាប់ពីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងអប់រំប្រទេសចិនកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ដែលក្នុងនោះរួមមានវិទ្យាល័យព្រែកលៀបកម្មវិធីសាលារៀនជំនាន់ថ្មីផងដែរ។
នៅក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ហង់ ជួនណារ៉ុង លើកឡើងថា បន្ទាប់ពីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងអប់រំប្រទេសចិនស្តីពី “ការអភិវឌ្ឍកម្មវិធីសិក្សាភាសាចិន នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈនៅកម្ពុជា” ។
យោងតាមសេចក្តីសម្រេចខាងលើ វិទ្យាល័យព្រែកលៀបកម្មវិធីសាលារៀនជំនាន់ថ្មីបានចេញនូវសេចក្ដីជូនដំណឹងដល់អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ស្ដីពីការបញ្ចូលមុខវិជ្ជាភាសាចិននៅកម្រិតថ្នាក់ទី៧។
“គណៈនាយកសូមជម្រាបជូនដំណឹងដល់អ្នកអាណាព្យាបាលសិស្សថ្នាក់ទី៧ នៃកម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យល័យព្រែកលៀប ក្នុងឆ្នាំសិក្សា២០២៣-២០២៤បានជ្រាបថា សាលានឹងបញ្ចូលមុខវិជ្ជាភាសាចិនជាភាសាទី២ សម្រាប់ប្អូនៗសិស្សានុសិស្សដែលកំពុងរៀននៅថ្នាក់ទី៧ទាំងអស់ដែលនឹងចាប់ផ្តើមចាប់ពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ នេះតទៅ។ ដូច្នេះសូមអ្នកអាណាព្យាបាលជ្រាបជាព័ត៌មាន និងសម្រួលពេលវេលាសម្រាប់ប្អូនៗរៀនបន្ថែម ទៅតាមកាលវិភាគដែលបញ្ជាក់ជូនក្នុងសេចក្តីជូនដំណឹងនេះ។”