ការប្រឡងឆមាសលើកទី២ ទាំង ៤កម្រិតថ្នាក់ គឺថ្នាក់ទី៧ ទី៨ ទី១០ និងទី១១

មួយឆ្នាំសិក្សា ពិតជាលឿនណាស់ សិស្សានុសិស្សទាំងឡាយ ទើបតែចូលរៀនថ្ងៃនោះសោះ ថ្ងៃនេះដល់ថ្ងៃប្រឡងឆមាសលើកទី២ បាត់ទៅហើយ។ ការប្រឡងឆមាសលើកទី២ រយៈពេល២ថ្ងៃនេះ រួមមាន ៤កម្រិតថ្នាក់ គឺថ្នាក់ទី៧ ទី៨ ទី១០ និងទី១១។

នៅថ្ងៃទីថ្ងៃទី២១ និង២២ ខែសីហា ឆ្នាំ២០២៤ សិស្សានុសិស្សទាំង ៤កម្រិតថ្នាក់បានប្រឡងឆមាសទី២  សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ នៅតាមអគារសិក្សារៀងៗ​ខ្លួន​ដោយភាពតឹងរ៉ឹងបំផុត។ នៅតាមបន្ទប់ប្រឡងមានគណៈកម្មការអនុរក្សចំនួន២រូប ត្រួតពិនិត្យការប្រ​ឡង​ឆមាសទី២ រួមទាំងមានការតាមដានយ៉ាងម៉ត់ចត់​ពីសំណាក់​គណៈ​កម្មការ​សាលារៀនផងដែរ។ សិស្សានុសិស្សបានខិតខំយ៉ាងយកចិត្តទុកដាក់ប្រឡងលើវិញ្ញាសារបស់ខ្លួន និងពោរ​ពេញ​ដោយ​ក្តី​សង្ឃឹម និង​​​ទន្ទឹងរង់ចាំ​មើលលទ្ធផលប្រឡងរបស់ខ្លួន។ ការប្រឡងប្រព្រឹត្តទៅយ៉ាងល្អ សិស្សានុសិស្សគ្រប់កម្រិតថ្នាក់បានគោរពនូវ​បញ្ញាត្តិ​​​ក្នុងពេល​ប្រឡងបានយ៉ាងខ្ជាប់ខ្ជួន។

យើងសង្កេតឃើញថា កម្រិតថ្នាក់ ដែលគួរឲ្យចាប់អារម្មណ៍គឺ កម្រិតថ្នាក់ទី៧ ។ ប្អូនៗបានផ្លាស់ប្តូរបរិយាកាសសិក្សាពីថ្នាក់បឋមសិក្សាដែលមានគ្រូបង្ហាត់បង្រៀនតែម្នាក់ ទៅកាន់ថ្នាក់មធ្យមសិក្សា ដែលមានគ្រូច្រើននាក់។ ការផ្លាស់ប្តូរនេះ បានធ្វើឲ្យប្អូនៗទទួលបានចំណេះដឹងថ្មីៗ បន្ថែមជាច្រើនទៀត ពីសំណាក់លោកគ្រូអ្នកគ្រូប្រចាំសាលាដែលឆ្លងកាត់ការបណ្តុះបណ្តាលផ្នែកគរុកោសល្យយ៉ាងត្រឹមត្រូវ និងមានបទពិសោធន៍យូរឆ្នាំក្នុងការបង្រៀនធ្វើឲ្យសិស្សងាយយល់ ឆាប់ចេះនូវគ្រប់មេរៀននៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា។

កម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប តែងតែយកចិត្តទុកដាក់បំផុត ក្នុងការបង្ហាត់បង្រៀន សិស្សានុសិស្សគ្រប់រូប ឲ្យទទួលបានជោគជ័យ ក្នុងការសិក្សា និងអភិវឌ្ឍខ្លួនឲ្យកា្លយជា កូនល្អ មិត្តល្អ សិស្សល្អ និងពលរដ្ឋល្អ ក្នុងសង្គម ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់មាតាបិតា អាណាព្យាបាលសិស្ស។

Comments