ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ ដែលកំពុងប្រព្រឹត្តទៅ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រយៈពេល ៣ថ្ងៃ ពីថ្ងៃទី២៤ ២៥ និងថ្ងៃទី២៦ ខែមីនានេះ ដែលមានស្តង់តាំងបង្ហាញផលិតផលស្នាដៃខ្មែរជាង ២០០ស្តង់ និងរំពឹងថា រយៈពេល ៣ថ្ងៃនេះ នឹងមានអ្នកចូលរួមក្នុងទិវាជាតិ លើកទី២នេះ ប្រមាណ ៣ម៉ឺននាក់ផងដែរ។
នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ លោក ណាប់ រីណា និងលោក យឹម ល័ក្ខ ជាគ្រូបង្រៀនក្នុងកម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប បានដឹកនាំសិស្សានុសិស្សទៅចូលរួមទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២នេះផងដែរ។
ព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រយៈពេលបីថ្ងៃនេះ ក៏មានគោលបំណងសំខាន់ធំៗចំនួន៤ផងដែរ ដែលក្នុងនោះរួមមាន៖ ទី១. បណ្តុះស្មារតីស្រឡាញ់ និងការឈ្វេងយល់អំពីវិទ្យាសាស្ត្រ តាមរយៈការពិសោធន៍ដោយផ្ទាល់ ២. ជំរុញកិច្ចសហប្រតិបត្តិការរបស់តួអង្គពាក់ព័ន្ធក្នុងប្រព័ន្ធនវានុវត្តន៍ជាតិ ដើម្បីចាប់យកសក្ដានុពល នៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ៣. បំផុសឱ្យមានការយល់ដឹងស៊ីជម្រៅអំពីតួនាទីរបស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងចំណោមតួអង្គធ្វើគោលនយោបាយ សិក្សាស្រាវជ្រាវ និងវិស័យឯកជន និង៤. បញ្ជ្រាបវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជំរុញផលិតភាព និងវឌ្ឍនភាពដល់សហគ្រាសធុនតូចនិងមធ្យម។